ខេត្តកោះកុង ៖ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ពិតជាមានការរំលោភច្បាប់យកដីរដ្ឋច្រើនណាស់ ពីសំណាក់លោកឧកញ៉ា និងអ្នកមានអំណាច ដូចជាដីឆ្នេរ ដីព្រៃលិចទឹក ដីព្រៃកោងកាង សុទ្ធជាដីទ្រព្យសម្បត្តិរបស់រដ្ឋ ហើយដីទាំងអស់នេះមិនអាចកាត់ឬឆ្វៀលទៅអោយបុគ្គលណាម្នាក់នោះបានទេ។ ក៍ប៉ុន្តែ នៅឃុំជ្រោយស្វាយ ឃុំដងពែង ឃុំស្រែអំបិល ឃុំទាំងបីនេះ មានលោកឧកញ៉ា ច្រើនរូប ជាពិសេសទៅទៀតនោះ គឺឃុំជ្រោយស្វាយ មានចំនួនលោកឧកញ៉ាច្រើនជាងគេដែលរំលោភយកដីរដ្ឋតាមគ្រប់រូបភាព។
ប៉ុន្តែគួរឲ្យសោកស្តាយនោះ គឺលោកឧកញ៉ាទាំងអស់នោះ មកតែទិញដីរបស់រដ្ឋ ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ ហើយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯង នៅពេលដែលបានហើយនោះ ធ្វើគ្រប់រូបភាពផ្សេងៗដោយប្រើប្រាស់សិទ្ធអំណាច មិនញញើតច្បាប់ទេ ចំណែកអាជ្ញាធរពាក់ព័ន្ធ បានដឹងបានលឺហើយ នៅតែ ដួលដេកយកដៃអង្អែលខ្នងពីក្រោយយ៉ាងរស់រវើក ថែមទាំងមានទឹកមុខញញឹម ញញែមជក់មាត់ទៀតផង។
នេះហើយ លោកឧកញ៉ា មកអភិវឌ្ឍន៍សេដ្ឋកិច្ចយកផ្ទាល់ខ្លួនឯង ដោយមិនមានកម្មករនិយោជិកទេ នាំតែទើសទាល់ក្នុងចិត្តក្នុងការអភិវឌ្ឍរបស់ខ្លួននោះ។
ប្រជាពលរដ្ឋសង្ឃឹមថា ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកច្បាប់ដែលពាក់ព័ន្ធ និងទ្រព្យសម្បត្តិដីធ្លីរបស់រដ្ឋដែលរដ្ឋហាមឃាត់នោះ មេត្តាចុះមកស៊ើបអង្កេត នៅតំបន់ ឃុំស្រុកខាងលើនេះផង កុំឲ្យដី ឆ្នេរសមុទ្រ និងព្រៃលិចទឹក ទាំងអស់នេះបាត់បង់អស់ នេះជាផលប្រយោជន៍រួមសំរាប់អនាគតអ្នកជំនាន់ក្រោយ ហើយមេត្តាដកហូតយកមកវិញ ថែរក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ សម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ ជាពិសេសបំផុតនោះមានតែ ឯកឧត្តម ជា សុផារ៉ា ទេ ដើម្បីទប់ស្កាត់បាតុភាពរំលោភយកដីរដ្ឋនៅតំបន់ទាំងនេះបាន៕