ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមក្មេងទំនើងចំនួន៩នាក់មានកាំបិតផ្គាក់៤ ដើមនិងម៉ូតូ៣គ្រឿងនាំគ្នាជិះចេញសងសឹកគូសត្រូវ ប៉ុន្តែសំណាងល្អជនរងគ្រោះគេចខ្លួនបានទាន់ពេលវេលា ដោយរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យជួយ។ ភ្លាមៗនោះ កំលាំងអាវុធហត្ថក្រុងសិរីសោភ័ណបានស្ទាក់ចាប់បានចំនួន ៥នាក់ ខណ៤នាក់ទៀតរត់គេចខ្លួន។
លោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ៖ក្រោយពីទទួលបានព័ត៌មានថាមានក្មេងទំនើងមួយក្រុមកំពុងកាប់ចាក់គ្នានៅកន្លែងកើតហេតុនោះ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនក្មេងទំនើងភាគីបង្កបានចំនួន៥នាក់និងដកហូតវត្ថុតាងរួមមាន កាំបិតខ្វែវចំនួន៤ដើម និងម៉ូតូចំនួន៣គ្រឿងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
ក្មេងទំនើងទាំង៥នាក់ដែលឃាត់ខ្លួនបាននោះរួមមាន៖ ១. ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ,៣.ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ,៤.ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ ១៧ឆ្នាំ, ៥.ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ ២០ឆ្នាំ ជនសង្ស័យទាំង៥នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ។
ក្រោយពីកម្លាំងអាវុធហត្ថសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេកន្លងមកមានជម្លោះជាមួយ បក្សពួក១ក្រុមទៀតដោយកំហឹងមិនអាចទប់ចិត្តបានពួកខ្លួនបានប្រមួលបក្សពួកបានចំនួន៩នាក់ ជិះម៉ូតូ៣គ្រឿង ហើយចេញធ្វើសកម្មភាពដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ដោយសារតែជនរងគ្រោះដឹងខ្លួនទាន់បានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដើម្បីឲ្យគេជួយ។
ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀល ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២២នេះដើម្បីចាត់ការតាមនិតិវិធី។ ចំណែកបក្សចំនួន៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕