ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ជួបជុំពិសារអាហារសាមគ្គី អបអរសាទរ ខួបទី ៤៤ នៃទិវាជ័យជំនះ ថ្ងៃ៧ មករា (១៩៧៩-២០២៣) ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ពិធីនេះមានការចូលរួមពី ព្រះសង្ឃជាច្រើនអង្គ ថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សប្រជាជន ចុះពង្រឹងមូលដ្ឋានស្រុកស្រែអំបិល ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ចន្ទ័កញ៉ា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមជាច្រើនគ្នា។ ថ្លែងក្នុងពិធីនេះដែរលោក ជា ចន្ទ័កញ៉ា អភិបាលនៃគណអភិបាលស្រុកបានរៀបរាប់អំពីទីតាំងភូមិសាស្ត្ររបស់ស្រុកស្រែអំបិល។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះ ឯកឧត្តម ផន ណារ៉ា បានថ្លែងនូវសន្ទរកថារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩- ០៧ មករា ២០២៣)។
ឯកឧត្តម បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ការចូលរួមថែរក្សាសន្តិភាព មានកិច្ចការជាច្រើនដែលយើងត្រូវបំពេញ អត្ថន័យដ៏សំខាន់ជាងអ្វីៗទាំងអស់នោះមិនពិបាកទេ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺយើងចូលរួមទាំងអស់គ្នា ចេញដំណើរទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នោះនឹងក្លាយជាការរួមចំណែករក្សាសុខសន្តិភាព ដ៏មានប្រសិទ្ធភាពបំផុត»។
ឯកឧត្តម បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា សន្លឹកឆ្នោតទាំងនេះហើយ គឺជាការចូលរួមរក្សាសុខសន្តិភាព ស្ថិរភាព និងការឯកភាពពេញលេញជូនប្រទេសកម្ពុជា រួមជាស្រេច។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏មានប្រសាសន៍បន្តថា ការចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា «សន្តិភាពនៅកម្ពុជា គឺបានមកពីនយោបាយឈ្នះ-ឈ្នះ ដូចនេះ ត្រូវដឹងគុណស្ថាបនិក មគ្គទេសក៍ឯក គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំគ្រប់កិច្ចការទាំងអស់ ដើម្បីសន្តិភាពជូនកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងការកសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ បានបង្អួតកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ»។
ឯកឧត្តម ផន ណារ៉ា ក៏បានគូសរំលេចដែរថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាព ខេត្តកោះកុង ដែលជាខេត្តមួយដាច់ស្រយាល គឺបានប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ ទាំងនេះគឺបានមកពីសមិទ្ធផលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ និយាយដោយឡែកសូមប្រជាពលរដ្ឋទូទាំងខេត្តកោះកុង រួមគ្នារក្សាកេរ្តិ៍មរតកនៃសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីទុកដាក់ឱ្យកូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ”ប្រសិនបើគ្មានការជួយសង្គ្រោះទាន់ពេលវេលាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនផ្សេងៗទៀត របស់គណបក្សប្រជាជនកម្ពុជានោះទេ ប្រជាជនកម្ពុជានឹងរលាយផុតពូជជាមិនខាន ក្រោមក្រញ៉ាំដ៏សាហាវឃោរឃៅនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់”។
ឯកឧត្តម បានបន្ថែមថា រយៈពេល៤៤ឆ្នាំមកនេះ ផ្តើមចេញពីជ័យជម្នះ ៧ មករា កម្ពុជា បានប្រែក្លាយពីវាលពិឃាត ពីការបែងចែកទឹកដី ពោរពេញដោយការកាប់សម្លាប់ ទៅជាទឹកដីមាន សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្រោមដំបូលដ៏ត្រជាក់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ចុងបញ្ចប់នៃពិធីនេះដែរ ឯកឧត្តម បានជូនកាដូរអនុស្សាវរីយ៍ ដល់មន្រ្តីចូលនិវត្តន៍និងសោធននិវត្តន៍ផងដែរ៕