ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ រួមជាមួយថ្នាក់ដឹកនាំលេខាធិការដ្ឋាន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម តុល លន ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ នៅគេហដ្ឋាន។ ក្នុងពិធីជំនួបខាងលើ បានពិភាក្សាការងារដែលសម្រេចបានកន្លងមក និងទិសដៅបន្តជាពិសេសពិភាក្សាអំពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានលេខាធិការដ្ឋានបានជម្រាបជូនឯកឧត្តមទីប្រឹក្សា និងលោកជំទាវអំពីដំណើរការសាងសង់ស្ពានបេតុង (បច្ចុប្បន្នសម្រេចបាន៩៥%) និងជួសជុលស្ពានដែកបាឡេ ដោយដូរឈើថ្មី ទាំងអស់ឡើងវិញ និងជួសជុលផ្លូវលំ – ផាចម្លង១ គ្រឿង នៅឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហេីយបច្ចុប្បន្នបានសម្រេចរួចរាល់ហើយ និងបានដាក់ឲ្យដំណើរការនៅមុនថ្ងៃចូលឆ្នាំខ្មែរ។ បន្ទាប់ពីបានពិភាក្សា និងទទួលព័ត៍មានរួចមក ឯកឧត្តម ទីប្រឹក្សា និងលោកជំទាវ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភចំនួន ១២,០០០$ សម្រាប់គាំទ្រដំណើរការសាងសង់ស្ពានខាងលើ ដើម្បីជាឧត្តមប្រយោជន៍បម្រើជូនប្រជាពលរដ្ឋ របស់ឯកឧត្តមទីប្រឹក្សា និងលោកជំទាវ។
ជាកិច្ចឆ្លើយតបទៅនឹងសទ្ធាដ៏ថ្លៃថ្លារបស់ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រធានក្នុងនាមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ក៏បានសម្តែងគារវកិច្ចគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តដ៏មហាសប្បុរសរបស់ឯកឧត្តម និងលោកជំទាវ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ជាពិសេសចៅៗជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ទទួលបានសេចក្តីសុខចម្រើនតរៀងទៅ៕