អន្តរជាតិ ៖ អង្គការស៊ីអ៊ីតហេបូឡា នឹងចូលរួមទៅក្នុងជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ប្រសិនបើចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់មានការចុះខ្សោយ។ នេះបើយោងតាមការរាយការណ៍របស់កាសែតញូវយ៉កថែមស៍ដែលបានដកស្រង់សម្តីរបស់មន្ត្រីលីបង់។
យោងតាមកាសែតនោះបានឱ្យដឹងថា ការគំរាមកំហែងបំផ្លាញក្រុមហាម៉ាស់ នឹងក្លាយជាខ្សែបន្ទាត់ក្រហមសម្រាប់ក្រុមហេបូឡាដើម្បីធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះ។ មន្ត្រីលីបង់បានចង្អុលបង្ហាញថា អង្គការនិកាយស៊ីអ៊ីត ប្រហែលជាកំពុងរារាំងកងកម្លាំងរបស់ខ្លួនដើម្បីជៀសវាងការកើនឡើងភាពតានតឹងកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា។ តាមការយល់ឃើញរបស់លោក ក្រុមហេបូឡាមានជំនឿថា ក្រុមហាម៉ាស់មិនត្រូវការជំនួយទេនាពេលឥឡូវនេះ។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៅតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង ដែលរួមមានទាំងស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងយេរុយសាឡឹម។
ប្រទេសអ៊ីស្រាអែលបានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សា ហើយបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតមាននៅតំបន់វេសប៊ែងផងដែរ៕ប្រភពអាកាប៉េ